វៀតណាមសូកលុយសន្តិសុខភូមិចូលកាប់ឈើខ្មែរ
រតនគិរីៈ ជនជាតិវៀតណាមយ៉ាងហោច ២១ នាក់បានលើកគ្នាចូលកាប់ឈើក្នុងដីខ្មែររាប់រយដើមក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរីតាមរយៈការស៊ូកប៉ាន់សន្តិសុខភូមិម្នាក់ដែលករណីនេះបានកើតឡើងជាង ១១ ថ្ងៃមកហើយក្នុងព្រៃការពារសហគមន៍ជនជាតិចារ៉ាយបន្ទាប់ពីបានលួចរុករក និងជីករ៉ែខុសច្បាប់តាមអំពើចិត្តក្នុងខេត្តនេះនាពេលកន្លងមក។ នេះបើតាមក្រុមល្បាតព្រៃ និងអង្គការអាដហុកខេត្តរតនគិរី។
លោក រម៉ាម ហ្យាង អាយុ ៥២ ឆ្នាំបានឲ្យដឹងថាលោក និងសហគមន៍ ២ នាក់ទៀតបាននាំគ្នាល្បាតព្រៃពីថ្ងៃពុធម្សិលម្ង៉ៃហើយបានឃើញវៀតណាម ២១ នាក់កំពុងកាប់ឈើត្រង់ចំណុចអូរព្រាមជិតព្រំដែនកម្ពុជា-វៀតណាម។ ពួកអ្នកកាប់ឈើអាយុចន្លោះពី ២០ ទៅជាង ៣០ ឆ្នាំមានម៉ាស៊ីនអារឈើ ៤ គ្រឿងម៉ាស៊ីនត្រើយស្ទូចឈើ ២ គ្រឿង និងម៉ូតូ ៤ គ្រឿងផងដែរ។
លោកថា៖ «យើងឃើញគេកំពុងតែកាប់ឈើពេញព្រៃ។ អ្នកកាប់ ចេះតែកាប់ អ្នកដឹក ចេះតែដឹក និងខ្លះត្រើយឈើដាក់ម៉ូតូដឹកទៅប្រទេសគេ។ ពេលឃើញយើងខ្លះគេរត់នៅសល់ ៧ នាក់នៅព័ទ្ធជុំវិញយើងក្នុងព្រៃ»។ អ្នកកាប់ឈើបានប្រាប់អ្នកល្បាតថាពួកគេចូលកាប់តាំងពីថ្ងៃទី ២ តុលាមកម្ល៉េះដោយបានបង់ប្រាក់ឲ្យសន្តិសុខភូមិតាំងសេម្នាក់ឈ្មោះ រចំ ហ្យាល ជាង ៩ ម៉ឺនរៀលក្នុងមួយថ្ងៃ។
លោកថា៖ «ឈើស្រឡៅប្រហែល ១៥០ ដើមនៅទីនោះត្រូវបានគេកាប់។ គេថាឈ្មោះ រចំ ហ្យាល ក្នុងភូមិគ្នាឯងហ្នឹងជាអ្នកឲ្យគេកាប់ដោយបង់លុយ ៥០ ម៉ឺនដុងមួយថ្ងៃ។ វាអាងវាជាសន្តិសុខមានអំណាចឲ្យគេចូលកាប់ឈើអ៊ីចឹង»។ លោក ហ្យាង ថាពួកវៀតណាមនោះបានឲ្យលុយពួកគាត់ ២៨ ម៉ឺនរៀលដើម្បីកុំឲ្យប្រាប់អ្នកណាពីរឿងល្មើសរបស់ពួកគេក្នុងដីខ្មែរ។ ប៉ុន្តែក្រុមល្បាតបានបដិសេធមិនយកហើយបាននាំគ្នាចូលភូមិវិញដោយមិនហ៊ានរឹបអូសវត្ថុតាងទេព្រោះមានគ្នាតិចជាងខ្លាចពួកវៀតណាមតដៃ។
លោក ហ្យាង បន្តថាពួកគាត់បានរាយការណ៍ទៅអង្គការអាដហុកដោយមិនបានប្រាប់ទៅអាជ្ញាធរទេដោយសារអស់ជំនឿបន្ទាប់ពីមេភូមិឈ្មោះ រចំ ហើយបានប្រគល់ម៉ាស៊ីនអារឈើ ២ គ្រឿងឲ្យជនល្មើសវិញជាថ្នូរនឹងប្រាក់ ៨ ម៉ឺនរៀលបន្ទាប់ពីក្រុមល្បាតចាប់ម៉ាស៊ីននោះបាន និងប្រគល់ឲ្យមេភូមិកាលពីថ្ងៃទី ២៦ ខែកញ្ញាកន្លងមក។
មេភូមិតាំងសេលោក រចំ ហើយបានបដិសេធថាលោកមិនបានទទួលម៉ាស៊ីន ២ គ្រឿងនោះទេ។
ប៉ុន្តែលោកទទួលស្គាល់ថាភូមិតាំងសេមានសន្តិសុខភូមិឈ្មោះ រចំ ហ្យាល នោះមែនហើយលោក ហ្យាល មិនស្តាប់លោកជាមេភូមិទេដោយធ្វើអីតាមអំពើចិត្ត។ លោកថាបានដឹងថា រចំ ហ្យាល ទទួលលុយកាក់ពីពួកវៀតណាមកាប់ឈើដោយមិនពាក់ព័ន្ធនឹងអ្នកផ្សេងនោះទេ។
លោកថ្លែងថា៖ «មានវៀតណាមចូលកាប់ឈើមែន។ ចូលយប់ៗសម្ងំលាក់ខ្លួនក្នុងព្រៃ។ គណៈកម្មការរៀបចំចេញល្បាតតែពេលថ្ងៃៗទេ។ ពេលចុះល្បាតគេ [រចំ ហ្យាល] តេប្រាប់អ្នកកាប់ឈើ។ គេមិនស្តាប់យើងទេ»។ ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក រចំ ហ្យាល ដែលរងការចោទបានទេពីម្សិលមិញ។
ឯលោក ផាត់ សម្បត្តិ អភិបាលរងស្រុកអណ្តូងមាសថាអាជ្ញាធរស្រុកមិនទាន់បានទទួលព័ត៌មានពីបញ្ហានេះទេ។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការអាដហុកខេត្តរតនគិរីថ្លែងថាបុគ្គលិកអាដហុកគ្រោងនឹងចុះទៅស្រាវជ្រាវពីបទល្មើសនេះនៅថ្ងៃសុក្រនេះដើម្បីប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ហើយនឹងដាក់ទៅអាជ្ញាធរខេត្តដើម្បីមានវិធានការ។ លោកកត់សម្គាល់ថាជនជាតិវៀតណាមបានឆ្លងដែនចូលកាប់ឈើក្នុងតំបន់នោះច្រើនឆ្នាំមកហើយដោយមានការឃុបឃិតពីជនខិលខូចក្នុងមូលដ្ឋាន។ លោកថានៅទីនោះមានតែសកម្មជនអ្នកល្បាតព្រៃទេដែលទប់ស្កាត់បទល្មើស។ រីឯអាជ្ញាធរថ្នាក់លើចុះទៅម្តងម្កាលក្រោយពីទទួលព័ត៌មានពីបទល្មើសប៉ុន្តែមិនអាចចាប់ជនល្មើសបានទេដោយសារពួកគេដឹងខ្លួនមុន។
ករណីដោយឡែកមួយទៀតនគរបាលស្រុកលំផាត់ និងមន្ត្រីបរិស្ថានជម្រកសត្វព្រៃលំផាត់បានបង្ក្រាបឈើមួយកាណូតកាលពីថ្ងៃពុធក្នុងឃុំកែងសាន់។ លោក ថេង ចន្ធី អធិការស្រុកលំផាត់ថ្លែងថាឈើនោះជាប្រភេទសុក្រំសរុប ៤៨ សន្លឹកប៉ុន្តែអត់មានឃើញម្ចាស់នោះទេ។
លោកបានបញ្ជាក់ថា៖ «ហ្នឹងកាប់ពីដែនជម្រកសត្វព្រៃលំផាត់ហើយគេលាក់ទុកក្នុងកាណូតហ្នឹងតែមិនដឹងគោលដៅដឹកទៅណាទេ»៕
វៀតណាមសូកលុយសន្តិសុខភូមិចូលកាប់ឈើខ្មែរ
Reviewed by Unknown
on
10:07 PM
Rating:
No comments: